ហេតុផលដែលបុគ្គលិកគ្រប់រូបគប្បីត្រូវពង្រឹងភាពវៃឆ្លាតនៃផ្លូវអារម្មណ៍

0
215

ភាពវៃឆ្លាតផ្នែកផ្លូវអារម្មណ៍

គឺសម្ដៅទៅលើសមត្ថភាពរបស់បុគ្គលម្នាក់ៗក្នុងការយល់ដឹង និងស្គាល់ច្បាស់ពីអារម្មណ៍របស់ខ្លួនឯង និងអាចមានសមត្ថភាពគ្រប់គ្រងអារម្មណ៍ របស់ខ្លួនបានល្អបំផុត។ ម៉្យាងទៀត ភាពឆ្លាតវៃផ្នែកផ្លូវអារម្មណ៍ ក៏សម្ដៅទៅលើសមត្ថភាព ក្នុងការដឹងពីអារម្មណ៍របស់អ្នកដទៃផងដែរ ជាពិសេសអាចប៉ាន់ស្មានដឹងថាគេកំពុងតែគិត ឬមានអារម្មណ៍បែបណាមួយជាដើម។

យ៉ាងណាមិញនាពេលបច្ចុប្បន្នក៏ដូចជា នាពេលអនាគត មនុស្សគ្រប់រូប ជាពិសេសបុគ្គលិកតែម្ដងគប្បី ត្រូវពង្រឹងភាពវៃឆ្លាតផ្លូវអារម្មណ៍ឱ្យបានខ្លាំងបំផុត ដើម្បីភាពរីកចម្រើនក្នុងអាជីពការងារ និងជីវិតផ្ទាល់ខ្លួន។

បើនិយាយពីសមាសធាតុផ្សំសំខាន់ៗរបស់ ភាពវៃឆ្លាតផ្នែកផ្លូវអារម្មណ៍ គឺផ្ដោតទៅលើចំណុចសំខាន់ៗដូចជា៖

១. សមត្ថភាពក្នុងការស្គាល់ពីអារម្មណ៍ខ្លួនឯងថាកំពុងតែមានអារម្មណ៍បែបណាជាដើម

២. មានវិន័យខ្ពស់និងចេះគ្រប់គ្រងខ្លួនឯងបានល្អ

៣. ចេះលើកទឹកចិត្តខ្លួនឯង និងមនុស្សជុំវិញខ្លួនបានល្អ

៤. ពូកែយល់ចិត្តមនុស្សជុំវិញខ្លួន

៥. ពូកែជំនាញផ្សេងៗដូចជា៖ ជំនាញទំនាក់ទំនង ដឹកនាំ  ការសម្រេចចិត្ត ដោះស្រាយជម្លោះ សហការ ជំនាញគ្រប់គ្រងពេលវេលា និងជំនាញសំខាន់ៗមួយចំនួនទៀតជាដើម។

ខាងក្រោមនេះគឺជាអត្ថប្រយោជន៍សំខាន់ៗដែលបុគ្គលិកនឹងទទួលបាននៅពេលដែលពួកគេអាចអភិវឌ្ឍន៍ខ្លួនឯងឱ្យក្លាយជាមនុស្សដែលមាន ភាពវៃឆ្លាតផ្នែកផ្លូវអារម្មណ៍ខ្ពស់៖

១. ធ្វើឱ្យពួកគេងាយនឹងចុះសម្រុងជាមួយនឹងមិត្តរួមការងារ មិនងាយបង្ករនូវជម្លោះផ្សេងៗនៅកន្លែងការងារ ដោយសារតែពួកគេអាចយល់ច្រើនពីអារម្មណ៍ខ្លួនឯងនិងមនុស្សជុំវិញខ្លួន។​

២. ជួយឱ្យពួកគេរីកចម្រើនលឿននៅក្នុងអាជីពការងារ និងក្នុងជីវិតរបស់ពួកគេ ព្រោះពួកគេជាមនុស្សមានវិន័យខ្ពស់ចំពោះខ្លួនឯង ចេះលើកទឹកចិត្តខ្លួន​ឯង និងមនុស្សជុំវិញខ្លួនរាល់ពេលជួបការលំបាក។

៣. ពួកគេនឹងក្លាយជាមនុស្សដែលមិនសូវមានចិត្តឆេវឆាវ ពូកែស៊ូទ្រាំជាមួយ នឹងការលំបាក និងចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង មិនឱ្យបញ្ចេញកំហឹងផ្សេងៗនៅពេលបំពេញការងារ។

៤. មានការអធ្យាស្រ័យខ្ពស់ចំពោះមនុស្សជុំវិញខ្លួន ជាពិសេសមិត្តរួមការងារ។

៥. ក្លាយជាមនុស្សដែលមានភាពលេខធ្លោទៅលើជំនាញសំខាន់ៗមួយចំនួនដូចជា ទំនាក់ទំនង ដឹកនាំ  ការសម្រេចចិត្ត ដោះស្រាយជម្លោះ សហការ ជំនាញគ្រប់គ្រងពេលវេលា និងជំនាញសំខាន់ៗមួយចំនួនទៀតជាដើម។

ចំពោះវិធីសាស្ត្រដែលជួយឱ្យខ្លួនឯងក្លាយជាមនុស្សដែលមានភាពវៃឆ្លាតផ្នែកផ្លូវអារម្មណ៍មានដូចជា៖

១. កុំឆាប់វាយតម្លៃនរណាម្នាក់តែសម្បកក្រៅ ឬឆាប់រហ័សខ្លាំងពេក មុននឹងវាយតម្លៃនរណាម្នាក់ ត្រូវចេះស្រមៃថាអ្នកគឺជាគេ ហើយកំពុងតែស្ថិតនៅក្នុងស្ថានភាពដូចជាគេ។ 

២. ឧស្សាហ៍ធ្វើការឆ្លុះបញ្ចាំងពីខ្លួនឯងមិនថាទាក់ទងនឹងការគិត ភាពខ្លាំង ភាពខ្សោយ ចំណង់ចំណូលចិត្ត….។
៣. រៀនដោះស្រាយជាមួយបញ្ហាស្ត្រេស គ្រប់គ្រងចិត្តកុំឱ្យឆេវឆាវ ឆាប់ខឹង ឈប់ស្តីបន្ទោស និងរអ៊ូរទាំច្រើន និងមានចំណុចសំខាន់ៗមួយចំនួនផ្សេងទៀត។